កាលបរិច្ឆេទ: ០៩ កក្កដា ២០២៤ / សុខភាព / Author : ATH Sokren
របាយការណ៍មួយស្តីពី «អ្នកប្រើប្រាស់ខ្មែរ» ដែលធ្វើឡើងនៅឆ្នាំ២០២៤ ដោយក្រុមហ៊ុន Confluences និង Standard Insights ដែលផ្តល់សេវាកម្មពិគ្រោះយោបល់ដល់អ្នកវិនិយោគ បានបង្ហាញពីស្ថានភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ពីអាទិភាព និងជម្រើសដែលពួកគេបានកំណត់សម្រាប់ការទិញទំនិញ និងបង្ហាញពីរបៀបដែលពួកគេស្វែងរកព័ត៌មាន។
បើនិយាយជាទូទៅ ការស្ទង់មតិនេះដែលធ្វើឡើងជាមួយនឹងមនុស្សចំនួន៥៣០នាក់បានបង្ហាញថា ពួកគេភាគច្រើនបានសម្តែងក្តីបារម្ភចំពោះអនាគតរបស់ខ្លួន។ ក្នុងចំណោមអ្នកទាំងនោះ មនុស្សដែលមានវ័យចន្លោះពី ២៥ ឆ្នាំទៅ ៣៥ ឆ្នាំ និងចន្លោះពី១៨ ទៅ២៤ ឆ្នាំ មានក្តីកង្វល់ខ្លាំងជាងគេ ហើយមនុស្សប្រុសបារម្ភខ្លាំងជាងមនុស្សស្រី។ ប៉ុន្តែទន្ទឹមនឹងនេះ ភាគច្រើនបែរជានិយាយថា «មានទំនុកចិត្តយ៉ាងខ្លាំង» ទៅលើសេដ្ឋកិច្ចប្រទេសទៅថ្ងៃអនាគត។
អ្នកនាង Dara N. VAN អ្នកទទួលខុសត្រូវផ្នែកអភិវឌ្ឍន៍អាជីវកម្មមកពីក្រុមហ៊ុន Confluences វាយតម្លៃថា៖ « ដោយហេតុថា សេដ្ឋកិច្ចប្រទេសយើងនៅមិនទាន់ងើបឡើងវិញដូចដើមបន្ទាប់ពីជំងឺកូវីដបានផុតរលត់ទៅ និងនៅមានឧបសគ្គជាច្រើនដោយសារតែភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងជម្លោះ។ ដូច្នេះជារឿងធម្មតាទេ ដែលអ្នកខ្លះព្រួយបារម្ភពីអនាគត»។
ទាក់ទិននឹងសកម្មភាពរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលផ្នែកសុខភាព និងការផលិតចំណីអាហារដែលមានគុណភាពខ្ពស់ របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរគ្រប់វ័យសុទ្ធតែព្រួយបារម្ភពីបញ្ហាបរិស្ថាន។ យុវជនដែលមានអាយុចន្លោះពី១៨ ឆ្នាំទៅ ២៤ ឆ្នាំ ខ្វាយខ្វល់ខ្លាំងជាងគេអំពីបរិស្ថាន។ ជាក់ស្តែងជាង៥០%ក្នុងចំណោមយុវជនទាំងនោះបានដោយដឹងថា ពួកគេពិតជាបារម្ភខ្លាំងមែនទែន។
លោក Sébastien UNG តំណាងក្រុមហ៊ុន Asia Data Destruction ប្រចាំនៅកម្ពុជាបានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះ៖ «គឺជារឿងដែលគួរឲ្យសប្បាយចិត្តដែរ ព្រោះថាការភ្ញាក់រលឹកគិតទៅដល់បញ្ហាបរិស្ថាននៅកម្ពុជាបានកើតឡើងលើគ្រប់ប្រជាពលរដ្ឋទាំងអស់មិនថាចាស់មិនថាក្មេង។ ប្រទេសជាតិទទួលរងផលប៉ះពាល់ពីកត្តាបម្រែបម្រួលអាកាសធាតុ ដោយសារតែទីតាំងភូមិសាស្រ្ត និងដោយសារសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើវិស័យកសិកម្ម និងទេសចរណ៍។ ដូច្នេះហើយបានជាយើងត្រូវគិតគូរពីបញ្ហាបរិស្ថាន»។ លោកបានបន្ថែមទៀតថា៖ «យើងទាំងអស់គ្នាត្រូវរួបរួមគ្នាគិតគូរពីការអប់រំ និងត្រូវកែប្រែទម្លាប់ទាក់ទិននឹងបរិស្ថាន ធ្វើយ៉ាងណាឱ្យមាននិរន្តរភាព និងកាត់បន្ថយផលប៉ះពាល់ទៅថ្ងៃអនាគតខាងមុខ។ ដំណាក់កាលនេះហើយយើងមិនអាចទទួលយកទង្វើដែលមិនគិតគូរទៅដល់និរន្តរភាពបានទៀតទេ ជាពិសេសនៅពេលដែលយើងដឹងច្បាស់ពីផលប៉ះពាល់ដែលបង្កឡើងដោយទង្វើទាំងនោះ»។
ទាក់ទិននឹងការប្រើប្រាស់វិញ របាយការណ៍ដដែលនោះបានលើកឡើងពីការកាត់បន្ថយការចំណាយលើម្ហូបអាហារនៅក្រៅ ការចំណាយលើការទិញផលិតផលថ្លៃៗ លើម្ហូបថ្លៃៗ និងលើការដើរលេង។ បើតាមអ្នកនាង Borarangsey KORM មកពីក្រុមហ៊ុន Confluences វិបត្តិសេដ្ឋកិច្ចបន្សល់ទុកពីជំងឺកូវីដដែលធ្វើឱ្យគ្រួសារមួយចំនួនធំទទួលរងផលប៉ះពាល់ បានបង្ខំឲ្យពួកគាត់កាត់បន្ថយរាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់។ ស្របពេលជាមួយគ្នានេះដែរ កង្វល់ទាក់ទិននឹងជំងឺរាតត្បាតមួយនេះបានជំរុញឱ្យអ្នកប្រើប្រាស់ងាកមកចំណាយច្រើនជាងមុនលើផ្នែក «សេវាសុខភាព និងសុខុមាលភាព»៕